ម៉ាក់ស៊ីម៉ា ត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលបានអនុវត្តគោលការណ៍ការពារអតិថិជនយ៉ាងពេញលេញ ពី Smart Campaign
ម៉ាក់ស៊ីម៉ា ត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
រាជធានីភ្នំពេញ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាក់ស៊ីម៉ា ភីអិល ជាគ្រឹះស្ថាន ដែលមានការទទួលខុសត្រូវលើអតិថិជន និងបានអនុវត្តគោលការណ៍ការពារអតិថិជនយ៉ាងពេញលេញ បានទទួលវិញ្ញាបនបត្រការពារអតិថិជន កាលពីខែកក្កដា ឆ្នាំ២០១៩ កន្លងទៅនេះ ពី Smart Campaign ជាស្ថាប័នអន្តរជាតិដែលបានបង្កើតគោលការណ៍ការពារអតិថិជន បានទទួលស្គាល់ ម៉ាក់ស៊ីម៉ា ជាគ្រឹះស្ថានដែលបានបំពេញតាមស្តង់ដារនៃការថែទាំអតិថិជន។
គ្រឹះស្ថានដែលបានចូលរួមជាមួយនឹង Smart Campaign មានប្រមាណជាង ១១៥ មកពីបណ្តាប្រទេសជាង ៤០ ដែលត្រូវបានទទួលស្គាល់ដោយ Smart Campaign ដែលចាប់តាំងពីកម្មវិធីនេះត្រូវបានបង្កើតឡើងក្នុងខែមករាឆ្នាំ ២០១៣ ។ ម៉ាក់ស៊ីម៉ា បានផ្តល់សេវាកម្មហិរញ្ញវត្ថុ ជូនអតិថិជនរបស់ខ្លួនអស់រយៈពេល ២១ឆ្នាំមកហើយ ដោយបច្ចុប្បន្នកំពុងបម្រើសេវាជូនអតិថិជនជាង ៦.០០០ នាក់។
លោកស្រី អ៊ីសាប៊ែល បារេស (Isabelle Barrès )ជានាយិកាប្រតិបត្តិ នៃ Smart Campaign បានមានប្រសាសន៍ថា “ យើងសូមសំដែងការអបអរសាទរអស់ពីដួងចិត្តចំពោះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាក់ស៊ីម៉ា ភីអិលស៊ី ដែលមានឆន្ទៈក្នុងការរៀបចំដំណើរការនៃការវាយតម្លៃការអនុវត្តគោលការណ៍ការពារអតិថិជន ដែលជាការបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ចំពោះអតិថិជនរបស់ម៉ាក់ស៊ីម៉ា។ ទាំងអស់នេះបញ្ជាក់ឱ្យឃើញថា ម៉ាក់ស៊ីម៉ា បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាក្នុងការការពារអតិថិជនរបស់ខ្លួន។
កម្មវិធីផ្តល់វិញ្ញាបនបត្រការពារអតិថិជនរបស់ Smart Campaign ទទួលស្គាល់ជាសកល នូវស្ថាប័នណាដែលផ្តល់សេវាហិរញ្ញវត្ថុដល់គ្រួសារដែលមានប្រាក់ចំណូលទាប ដោយគោរពតាមគោលការណ៍ការពារអតិថិជនទាំងប្រាំពីររបស់ Smart Campaign ។ គោលការណ៍ទាំងនេះគឺ (១) ការបង្កើត និងចែកចាយផលិតផលសមស្រប (២) ការការពារបំណុលវណ្ឌក (៣) តម្លាភាព (៤) ការកំណត់តម្លៃដែលមានការទទួលខុសត្រូវ (៥) ការគោរព និងឱ្យតម្លៃអតិថិជនស្មើៗគ្នា (៦) ការរក្សាព័ត៌មានអតិថិជនជាការសម្ងាត់ (៧) យន្តការដោះស្រាយបណ្តឹងតវ៉ាអតិថិជន។
លោក ប៉ា ប៉ុណ្ណរិទ្ធី អគ្គនាយកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាក់ស៊ីម៉ា ភីអិលស៊ី បានមានប្រសាសន៍ថា “យើងតែងតែប្តេជ្ញាចិត្តខ្ពស់ក្នុងការការពារអតិថិជនរបស់យើង តាមរយៈការផ្តល់នូវភាពជឿជាក់ដល់អតិថិជន និងសហគមន៍ ដោយយើងបន្តធ្វើការជារៀងរាល់ថ្ងៃដើម្បីកែលម្អសេវាកម្មរបស់យើង ហើយយើងនៅតែអនុវត្តឱ្យបានល្អបំផុតនៃគោលការណ៍ការពារអតិថិជននៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ” ។
អ្នកស្រី ស៊ឹម សុភី ជាអតិថិជនរបស់ម៉ាក់ស៊ីម៉ា បានមានប្រសាសន៍ថា “មុនពេលផ្តល់ប្រាក់កម្ចីដល់ខ្ញុំ បុគ្គលិករបស់ ម៉ាក់ស៊ីម៉ា បានពន្យល់យ៉ាងច្បាស់អំពី តម្លៃ លក្ខខណ្ឌនៃប្រាក់កម្ចី ដល់ខ្ញុំ ដូច្នេះខ្ញុំអាចធ្វើការសម្រេចចិត្តបានយ៉ាងងាយក្នុងការយកប្រាក់កម្ចីសមស្របជាមួយនឹងសមត្ថភាពសងត្រលប់របស់ខ្ញុំ។ មិនត្រឹមតែប៉ុណ្ណោះបុគ្គលិកក៏បានស្នើសុំការអនុញ្ញាតពីខ្ញុំមុនពេលចែករំលែកព័ត៌មានរបស់ខ្ញុំជាមួយភាគីទីបី និងមុនពេលប្រើរូបថតរបស់ខ្ញុំនៅក្នុងការផ្សព្វផ្សាយ”។ អ្នកស្រី បានមានប្រសាសន៍បន្ថែមទៀតថា “ អ្នកស្រីខ្ញុំពិតជារីករាយ និងសូមថ្លែងអំណរគុណដល់ម៉ាក់ស៊ីម៉ា ដែលបានផ្តល់ប្រាក់កម្ចីដល់អ្នកស្រីខ្ញុំ ដើម្បីយកមកពង្រីកមុខរបរបង្កើនប្រាក់ចំណូលគ្រួសារ និងធ្វើអោយគ្រួសារអ្នកស្រីខ្ញុំ មានជីវភាពកាន់តែប្រសើរឡើង។ អ្នកស្រី ស៊ឹម សុភី អាយុ ៤៦ឆ្នាំ ជា ម្តាយមានកូន៤នាក់ ប្រុស២នាក់ ស្រី២នាក់។ អ្នកស្រីបើកអាជីវកម្មលក់គ្រឿងទេសអស់រយៈពេលជិត ១០ ឆ្នាំមកហើយ។ ជាមួយនឹងប្រាក់កម្ចីដែលបានផ្តល់ជូន លោកស្រី មានទំនិញកាន់តែច្រើនដើម្បីលក់នៅមុខផ្ទះ ធ្វើឱ្យប្រាក់ចំណូលគ្រួសាររបស់អ្នកស្រីមានការកើនឡើង។ ទៅថ្ងៃអនាគតអ្នកស្រី ចង់ពង្រីកអាជីវកម្មរបស់គាត់បន្ថែមទៀត។ ប្រាក់ចំណូលដែលអ្នកស្រីរកបាន គាត់អាចផ្គត់ផ្គង់ជីវភាពរស់នៅបានល្អប្រសើរ និងជួយឱ្យកូនៗរបស់អ្នកស្រី អាចបន្តការសិក្សាមានចំណេះដឹងខ្ពង់ខ្ពស់។
កម្មវិធីផ្តល់វិញ្ញាបនបត្រនេះមានស្តង់ដារត្រឹមត្រូវ និងតឹងតែងបំផុត តម្រូវឱ្យស្ថាប័នដែលដាក់ពាក្យចង់បានវិញ្ញាបនបត្រត្រូវទទួលការវាយតម្លៃដោយអ្នកវាយតម្លៃភាគីទីបី ដែលមានអាជា្ញប័ណ្ណពី Smart Campaign។ អ្នកវាយតម្លៃត្រូវមានឯកទេស និងបទពិសោធន៍ច្បាស់លាស់ ព្រមទាំងធ្លាប់បានវិភាគរាប់រយស្ថាប័នរហូតមកដល់ពេលបច្ចុប្បន្ន។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាក់ស៊ីម៉ា ភីអិលស៊ី បានប្តេជ្ញាចិត្តជាយូរមកហើយចំពោះការការពារអតិថិជន។ មុនពេលទទួលបានវិញ្ញាបនបត្រនេះ គ្រឹះស្ថានត្រូវបានវាយតម្លៃដោយ Smart Campaign លើការអនុវត្តន៍គោលការណ៍ការពារអតិថិជន និងបានចូលរួមចំណែកក្នុងការថែរក្សារការពារ និងជួយជំរុញវិស័យហិរញ្ញវត្ថុឱ្យកាន់តែប្រសើរឡើង។ ម៉ាក់ស៊ីម៉ា បានមានគំនិតផ្តួចផ្តើមចង់បានវិញ្ញាបនបត្រនេះតាំងពីឆ្នាំ២០១៥ ដោយបានចូលរួមសិក្ខាសាលា ស្តីពី “មីក្រូហិរញ្ញវត្ថុដែលមានការទទួលខុសត្រូវ” ដែលរៀបចំដោយ ស្ថាប័ន Oiko Credit ។ បន្ទាប់ពីបានចូលរួមសិក្ខាសាលារួចមក ម៉ាក់ស៊ីម៉ា ក៏បានធ្វើការវាយតម្លៃពីចន្លោះខ្វះខាតដោយខ្លួនឯង និងបានធ្វើការបណ្តុះបណ្តាលថ្នាក់គ្រប់គ្រងគ្រប់កម្រិត រួមទាំងបុគ្គលិកទាំងអស់ឱ្យយល់ពីសារៈសំខាន់នៃគោលការណ៍ការពារអតិថិជន និងកិច្ចការគាំពារសង្គម។ បន្ទាប់មកនៅក្នុងឆ្នាំ២០១៧ ក្រោមជំនួយរបស់ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) តាមរយៈសមាគមន៍មីក្រូហិរញ្ញវត្ថុកម្ពុជា សមាគមន៍បានធ្វើការទំនាក់ទំនងជំនួយការបច្ចេកទេស គឺលោកស្រី Lalaine M.Joyas, ដើម្បីផ្តល់ប្រឹក្សាយោបល់ដល់ម៉ាក់ស៊ីម៉ា ក្នុងការធ្វើសកម្មភាពបំពេញនូវចន្លោះខ្វះខាតនៃការអនុវត្តគោលការណ៍ការពារអតិថិជនដើម្បីបំពេញឱ្យគ្រប់លក្ខខណ្ឌសំដៅឆ្ពោះទៅរកវិញ្ញបនបត្រ ពី Smart Campaign។ បន្ទាប់មកនៅចុងខែធ្នូ ឆ្នាំ២០១៨ ម៉ាក់ស៊ីម៉ា បានធ្វើការទំនាក់ទំនងភ្នាក់ងារវាយតម្លៃ M-CRIL ដែលជាភ្នាក់ងារវាយតម្លៃអន្តរជាតិ ដើម្បីវាយតម្លៃពីការអនុវត្តន៍គោលការណ៍ការពារអតិថិជន ដែលតម្រូវឱ្យម៉ាក់ស៊ីម៉ា អនុវត្តឱ្យបានពេញលេញទៅតាមស្តង់ដារ និងសូចនករ ដែលបានកំណត់ដោយ Smart Campaign។ ម៉ាក់ស៊ីម៉ា ពិតជាមានមោទនភាពចំពោះសមិទ្ធផលដ៏អស្ចារ្យនេះ ហើយជាស្ថាប័នដំបូងបង្អស់របស់ Gojo & Company Inc ដែលបានទទួលវិញ្ញាបនបត្រពី Smart Campaign។
លោកស្រី អ៊ីសាប៊ែល បារេស (Isabelle Barrès) ជានាយិកាប្រតិបត្តិ នៃ SMART CAMPAIGN បានមានប្រសាសន៍ថា“ “ខ្ញុំដឹងថាវិញ្ញាបនបត្រនេះបានមកដោយមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំងពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាក់ស៊ីម៉ា ភីអិលស៊ី ចាប់ពីគណៈគ្រប់គ្រងរហូតដល់កម្រិតមន្រ្តីឥណទាន។ ម៉ាក់ស៊ីម៉ា ពិតជាសមនឹងទទួលបានវិញ្ញាបនបត្រនេះ” ។ លោកស្រីបានបន្ថែមថា “ ជាថ្មីម្តងទៀតសូមអបអរសាទរ និងសូមអរគុណចំពោះ ការប្តេជ្ញាចិត្តរបស់ម៉ាក់ស៊ីម៉ាចំពោះអតិថិជន ព្រមទាំងការជម្រុញការការពារអតិថិជននៅជុំវិញពិភពលោក។
លោក ប៉ា ប៉ុណ្ណរិទ្ធី អគ្គនាយកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាក់ស៊ីម៉ា ភីអិលស៊ី បានមានប្រសាសន៍ថា“ ការប្តេជ្ញាចិត្តរបស់យើងគឺចង់ឃើញជីវភាពរស់នៅរបស់អតិថិជនមានភាពល្អប្រសើរឡើងដែលជាការផ្លាស់ប្តូរជាវិជ្ជមាន” ។ លោកបានមានប្រសាសន៍បន្ថែមទៀតថា“ ខ្ញុំពិតជាមានមោទនភាពណាស់ដែលទទួលបានវិញ្ញាបនបត្រដ៏មានកិត្យានុភាពនេះ ហើយខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) សមាគមន៍មីក្រូហិរញ្ញវត្ថុកម្ពុជា Smart Campaign អ្នកពាក់ព័ន្ធដទៃទៀតដែលបានគាំទ្រយើងក្នុងការទទួលបានវិញ្ញាបនបត្រការពារអតិថិជន។ ការទទួលស្គាល់នេះបង្ហាញថា ម៉ាក់ស៊ីម៉ា មានការប្តេជ្ញាចិត្តខ្ពស់លើគោលការណ៍ការពារអតិថិជនដែលយើងបានអនុវត្តយ៉ាងពេញលេញដើម្បីការពារអតិថិជនរបស់យើង។
អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាក់ស៊ីម៉ា ភីអិលស៊ីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាក់ស៊ីម៉ា ភីអិលស៊ី ត្រូវបានបង្កើតឡើងនៅខែមីនាឆ្នាំ២០០០ ដោយមានស្ថាបនិកដែលមានបទពិសោធន៍ផ្នែកហិរញ្ញវត្ថុជាច្រើនឆ្នាំ។ នៅខែមិថុនាឆ្នាំ២០០៨ ធនាគារជាតិនៃកម្ពុជា បានផ្តល់អាជ្ញាប័ណ្ណអចិន្រ្តៃយ៍ដល់ ម៉ាក់ស៊ីម៉ា ដើម្បីប្រតិបត្តិការក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ដែលធ្វើឱ្យម៉ាក់ស៊ីម៉ាក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អចិន្រ្តៃយ៍ទី១៣ នៅក្នុងប្រទេសកម្ពុជា។ នៅខែកក្កដាឆ្នាំ២០១៥ ម៉ាក់ស៊ីម៉ា បានប្តូរឈ្មោះជាផ្លូវការពី ម៉ាក់ស៊ីម៉ា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ទៅជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាក់ស៊ីម៉ា ភីអិលស៊ី តាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជា។
ម៉ាក់ស៊ីម៉ា ផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយគុណភាពខ្ពស់បំផុតដល់អតិថិជនដែលមានប្រាក់ចំណូលទាប ជាពិសេសស្ត្រីជាមេគ្រួសារនៅតាមតំបន់ជនបទ។ ម៉ាក់ស៊ីម៉ា ខិតខំចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងធ្វើឱ្យជីវភាពរស់នៅរបស់អតិថិជនកាន់តែប្រសើរឡើង។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ www.maxima.com.kh ។
អំពី Smart CampaignSmart Campaign មានគោលបំណងលើកកម្ពស់ការការពារអតិថិជនតាមរយៈការយល់ដឹង និងការអនុវត្តន៍គោលការណ៍ការពារអតិថិជនដោយស្ថាប័នហិរញ្ញវត្ថុ។ វិញ្ញាបនបត្រនៃស្ថាប័នហិរញ្ញវត្ថុ គឺជាសកម្មភាពចម្បងមួយនៃយុទ្ធនាការនេះ។ កម្មវិធីផ្តល់វិញ្ញាបនបត្រការពារអតិថិជនគឺអាចធ្វើទៅបានដោយសារតែមានភាពជាដៃគូជាមួយ មូលនិធិម៉ាស្ទ័រកាត (MasterCard Foundation) មូលនិធិហ្វត (Ford Foundation) សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (International Finance Corporation) មូលនិធិវិនិយោគពហុភាគី Multilateral Investment Fund (សមាជិក IDB group) និងស្ថាបនិក Accion។ Smart Campaign ត្រូវបានលេចចេញជារូបរាងឡើងតាមរយៈកិច្ចសហប្រតិបត្តិការជាមួយអង្គការជាច្រើន ជាពិសេស សហស្ថាបនិករបស់ Smart Campaign ក្រុមពិគ្រោះយោបល់ដើម្បីជួយជនក្រីក្រ (CGAP) ។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ www.smartcampaign.org ។
Smart Campaign មានគោលបំណងលើកកម្ពស់ការការពារអតិថិជនតាមរយៈការយល់ដឹង និងការអនុវត្តន៍គោលការណ៍ការពារអតិថិជនដោយស្ថាប័នហិរញ្ញវត្ថុ។ វិញ្ញាបនបត្រនៃស្ថាប័នហិរញ្ញវត្ថុ គឺជាសកម្មភាពចម្បងមួយនៃយុទ្ធនាការនេះ។ កម្មវិធីផ្តល់វិញ្ញាបនបត្រការពារអតិថិជនគឺអាចធ្វើទៅបានដោយសារតែមានភាពជាដៃគូជាមួយ មូលនិធិម៉ាស្ទ័រកាត (MasterCard Foundation) មូលនិធិហ្វត (Ford Foundation) សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (International Finance Corporation) មូលនិធិវិនិយោគពហុភាគី Multilateral Investment Fund (សមាជិក IDB group) និងស្ថាបនិក Accion។ Smart Campaign ត្រូវបានលេចចេញជារូបរាងឡើងតាមរយៈកិច្ចសហប្រតិបត្តិការជាមួយអង្គការជាច្រើន ជាពិសេស សហស្ថាបនិករបស់ Smart Campaign ក្រុមពិគ្រោះយោបល់ដើម្បីជួយជនក្រីក្រ (CGAP) ។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ www.smartcampaign.org ។